ធនាគារ ហិរញ្ញវត្ថុ

ធនាគារជាតិប្រកាសបញ្ចូលកូដQR ប្រាក់ដុល្លារនិងរៀលទៅក្នុងកូដតែមួយ «One Code» ដើម្បីសម្រួលការទូទាត់

ធនាគារជាតិនៃកម្ពុជា បានប្រកាសពីគម្រោងបញ្ចូលលុយដុល្លារ QR និង KHQR ទៅជាប្រព័ន្ធ «One Code» រួមមួយ ដើម្បីជួយសម្រួលដល់ការទូទាត់តាមប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជា និងប្រតិបត្តិការឆ្លងដែន លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងសម្រួលដំណើរការលក់ដូររបស់ពាណិជ្ជករ

The majority are opting for scanning QR codes or transferring through mobile apps from smartphones for its convenience and flexibility. Kiripost/Prak Chan Thul

អាជីវករភាគច្រើនកំពុងជ្រើសរើសការស្កែនកូដ QR ឬផ្ទេរប្រាក់តាមរយៈកម្មវិធីទូរសព្ទពីស្មាតហ្វូន ដោយសារមានភាពងាយស្រួល និងបត់បែន។ គិរីផូស/ប្រាក់ ចន្ធុល

mao-sreypich

Mao Sreypich

&

ចេញផ្សាយ​​​នៅថ្ងៃ​:

ពុធ, ១៨ កញ្ញា ២០២៤ ១១:១៥ - ១១:១៥(GMT+7)

អាប់ដេតនៅថ្ងៃ:

ព្រហស្បតិ៍, ១៩ កញ្ញា ២០២៤ ០២:២៨ - ០២:២៨(GMT+7)

~ ២ នាទី


ចែករំលែកទៅ:

kiripost icon

ចែករំលែកទៅ:


loading image skeleton

ប្រែសម្រួលជាខេមរភាសាដោយ ចុង ស៊ីវភីង

ការប្រើប្រាស់ធនាគារ​ឌីជីថល​នឹងកាន់តែមានភាព​ងាយស្រួល​បន្ទាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រកាស​ពី​គម្រោង​បញ្ចូល​លុយ​ដុល្លារ QR និង KHQR ទៅជា «One Code»។ ​ទេសាភិបាលនៃធនាគារជាតិបញ្ជាក់​ថា វិធានការ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ទូទាត់​តាម​ឌីជីថល​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏ដូចជាការទូទាត់ឆ្លងដែនផងដែរ។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារសប្តាហ៍នេះ លោកស្រី ជា សិរី ទេសាភិបាលនៃធនាគារជាតិកម្ពុជា មានប្រសាសន៍ថា ដើម្បីសម្រួលដល់ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ធនាគារជាតិនៃកម្ពុជានឹងច្របាច់បញ្ចូលប្រាក់ដុល្លារ QR និង KHQR ទៅជាលេខកូដតែមួយ។ នេះមានន័យថា អ្នកលក់នឹងលែងត្រូវការលេខកូដ QR ផ្សេងគ្នាសម្រាប់ប្រាក់ដុល្លារ និងប្រាក់រៀលទៀតហើយ។

ដើម្បីទាញយកប្រយោជន៍ពីប្រព័ន្ធនេះ លោកស្រី ជា សិរី បានពន្យល់ថា អ្នកទិញត្រូវមានគណនីជាដុល្លារ និងប្រាក់រៀល ដើម្បីឱ្យការទូទាត់ប្រាក់ចូលទៅគណនីផ្សេងៗរបស់អ្នកលក់ដោយស្វ័យប្រវត្តិ។

លោកស្រីបាន​មានប្រសាសន៍​ថា​៖ «​ប្រសិន​បើ​ខ្ញុំ​ចង់​ចំណាយ​ជា​ប្រាក់​ដុល្លារ ដោយ​ការ​ស្កែន​កូដ QR បញ្ចូល​គ្នា​នេះ លុយ​របស់​ខ្ញុំ​នឹង​ត្រូវ​ផ្ទេរ​ទៅ​គណនី​ដុល្លារ​របស់​អ្នក​លក់។ ប៉ុន្តែ​ប្រសិន​បើ​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ឡាវ​មក​ទស្សនា​ប្រទេស​កម្ពុជា​ដោយ​ស្កែន​កូដ QR បញ្ចូល​គ្នា​នេះ ប្រាក់​របស់​ពួកគេ​នឹង​ត្រូវ​ផ្ទេរ​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ក្នុង​គណនី​ប្រាក់​រៀល​របស់​អ្នក​លក់»។

លោក​ស្រី​បាន​បន្ថែម​ថា កូដ QR បញ្ចូល​គ្នា​នេះ​អាច​ប្រើ​បាន​ លុះ​ត្រា​តែ​អតិថិជន​មាន​គណនី​ទាំងប្រាក់​រៀល និង​ដុល្លារ។

«ចុះ​បើ​គេ​មិន​ចង់​បាន​ប្រាក់​រៀល? ការទូទាត់តាមឌីជីថលរបស់ពួកគេមិនអាចដំណើរការបានទេ ដោយសារប្រព័ន្ធត្រូវការគណនីទាំងពីរ។ ប្រសិន​បើ​ពួកគេ​មាន​តែ​មួយ នោះ​ប្រព័ន្ធ​មិន​អាច​ដំណើរការ​បាន​នោះ​ទេ»។ លោកស្រីបាន​បន្ថែម​ថា នេះ​ជា​ហេតុផល​ចម្បង​ដែលធនាគារជាតិបាន​ផ្តល់​រយៈពេល​ ៦​ខែ​ដល់​ធនាគារ​ដើម្បី​បើក​គណនី​ប្រាក់​រៀល​សម្រាប់​អតិថិជន​របស់​ពួកគេ។

លោក​ស្រី​បន្ត​ថា​៖ «​នៅ​ពេល​យើង​ចាប់​ផ្តើម​អនុវត្ត​ វា​នឹង​មាន​ភាព​រលូន។ ​ប្រសិន​បើ​​មិន​ដូច​នេះទេ អ្នក​លក់​ខ្លះ​មិន​អាច​ទទួល​ប្រាក់​បាន​ទេ»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមីនា ធនាគារជាតិនៃកម្ពុជាបានជំរុញឱ្យគ្រឹះស្ថានធនាគារទាំងអស់បើកគណនីប្រាក់បញ្ញើ និងទូទាត់ប្រាក់រៀលសម្រាប់អតិថិជនទាំងអស់ដោយបន្ថែមថាវាត្រូវតែបញ្ចប់ក្នុងរយៈពេល៦ខែគិតចាប់ពីថ្ងៃអនុវត្តការណែនាំនេះ។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា ខ្លួនមានគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាវិធីទូទាត់ក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឱ្យមានបរិយាបន្ន និងមានប្រសិទ្ធភាព។

លោកស្រី ជា សិរី បាននិយាយថា កូដ QR បញ្ចូលគ្នានេះនឹងបង្កើនការប្រើប្រាស់រូបិយបណ្ណរៀល សម្រួលការទូទាត់ក្នុងប្រទេស ក៏ដូចជាការទូទាត់ឆ្លងប្រទេស និងបញ្ចូលលេខកូដ QR ជាច្រើនចូលតែមួយ។

លោក​ស្រី​បាន​បន្ត​ថា​៖ «​វា​នឹង​ជួយ​អ្នក​លក់​បាន​កាន់​តែ​ច្រើន​ព្រោះ​ធនាគារ​នឹង​មើល​ខុស​ត្រូវ​គ្រប់​យ៉ាង ហើយ​ពួក​គេ​នឹង​មិន​ត្រូវ​ធ្វើ​អ្វី​ផ្សេង​ទៀត​ឡើយ»។

ការព្រួយបារម្ភពាក់ព័ន្ធនឹងគណនីអសកម្ម

ទាក់​ទង​នឹង​ការ​ព្រួយ​បារម្ភ​អំពី​គណនី​ប្រាក់​រៀល​ដែល​អសកម្ម​នោះ លោកស្រី ជា សិរី បញ្ជាក់​ថា នឹង​មិន​មាន​ការ​ផាកពិន័យ​ឡើយ។

«មុននឹងអនុវត្ត [គម្រោង] យើងបានពិភាក្សាជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់។ ទាក់​ទង​នឹងការផាកពិន័យ​ថ្លៃ​សេវា​នេះ ធនាគារ​ភាគ​ច្រើន​មិន​មាន​ទេ ប៉ុន្តែមាន​មួយ​ចំនួន​ទៀតលួច​ធ្វើ​ដោយមិន​ឱ្យ​យើង​ដឹង»។ នេះជាការបញ្ជាក់របស់លោកស្រី ដោយ​បន្ថែម​ថានឹង​មាន​ការ​ប្រកាស​មិនឱ្យ​ផាកពិន័យសម្រាប់​គណនី​ប្រាក់​រៀល​ដែល​អសកម្ម។

លោកស្រី​បន្ថែមទៀត​ថា វា​ជា​តម្រូវការ​សម្រាប់​អតិថិជន​ក្នុង​ការ​មាន​គណនី​ប្រាក់​រៀល​ដើម្បី​ឱ្យ​ពួកគេ​ប្រើប្រាស់​កូដ QR បញ្ចូល​គ្នា​។

សេចក្តីថ្លែងការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា បានអំពាវនាវដល់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ កុំគិតប្រាក់ពីអតិថិជនក្នុងការបើក ឬបិទគណនីប្រាក់រៀល ឬគិតកម្រៃប្រចាំឆ្នាំសម្រាប់គណនីប្រាក់រៀល ហើយពន្យល់ និងផ្សព្វផ្សាយពីគោលបំណងដល់សាធារណជនឱ្យបានទូលំទូលាយ៕

ចែករំលែកទៅ:

អ្នកប្រើប្រាស់បានចូលរួម TELEGRAM

ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។

ចុះឈ្មោះទៅកាន់ព្រឹត្តិប័ត្រព័ត៌មានប្រចាំសប្តាហ៍របស់យើងឥឡូវនេះ!

ព័ត៌មានធំៗរបស់យើងនឹងផ្ញើរទៅកាន់ប្រអប់សាររបស់អ្នកដោយផ្ទាល់។

ព័ត៌មាន​បន្ថែម

ព័ត៌មាន​បន្ថែម