កង្វះបទប្បញ្ញត្តិពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីនៅកម្ពុជា នាំឱ្យអគារខ្ពស់ៗប្រឈមហានិភ័យនៅថ្ងៃអនាគត
កម្ពុជាមានអគារខ្ពស់ៗជាច្រើន ដែលបើតាមទិន្នន័យត្រឹមឆ្នាំ២០២៣ អគារដែលមានកម្ពស់៥ជាន់ ឬ លើសពី៥ជាន់មានចំនួនជាង១០០០អគារ។ ជាមួយនឹងកំណើនអគារខ្ពស់ទាំងនេះ កម្ពុជាមិនមានបទប្បញ្ញត្តិបច្ចេកទេសដើម្បីធានាថា អគារអាចទប់ទល់នឹងការរញ្ជួយដីបានទេ។ អ្នកជំនាញ បានចង្អុលបង្ហាញពីបញ្ហាប្រឈមមួយចំនួន ដូចជាការអនុវត្តច្បាប់ខ្សោយដែលភ្ជាប់ទៅនឹងតម្លាភាពមានកម្រិត និងការត្រួតពិនិត្យតិចតួច ដែលជារឿយៗបើកផ្លូវឱ្យមានការដើររំលងបទប្បញ្ញត្តិ។ ប្រការទាំងនេះនាំឱ្យអ្នកជំនាញ ទទូចឱ្យមានការសាងសង់អគាររឹងមាំ មានភាពធន់នឹងការវាយប្រហារដោយធម្មជាតិ

View of Phnom Penh city. Kiripost/Siv Channa

ចេញផ្សាយនៅថ្ងៃ:
ច័ន្ទ, ៧ មេសា ២០២៥ ០២:០០ - ០២:០០(GMT+7)
អាប់ដេតនៅថ្ងៃ:
ច័ន្ទ, ៧ មេសា ២០២៥ ០៧:០៧ - ០៧:០៧(GMT+7)
~ ៦ នាទី
ចែករំលែកទៅ:
០
ចែករំលែកទៅ:
ប្រែសម្រួលជាខេមរភាសាដោយ វុធ ច័ន្ទតារា
ទោះបីជាមានការកើនឡើងយ៉ាងឆាប់រហ័សនៃអគារខ្ពស់ក៏ដោយ ក៏ប្រទេសកម្ពុជានៅខ្វះបទប្បញ្ញត្តិបច្ចេកទេសសម្រាប់ភាពធន់នឹងការរញ្ជួយដី។ អ្នកជំនាញបានអំពាវនាវឱ្យមានបច្ចេកទេសសាងសង់ទំនើប និងបង្កើនការយល់ដឹងជាសាធារណៈដើម្បីធានាសុវត្ថិភាព។
របាយការណ៍ប្រចាំឆ្នាំ២០២៣ របស់សាលារាជធានីភ្នំពេញ ដែលត្រូវបានរាយការណ៍ដោយ FreshNews បង្ហាញថា មានអគារខ្ពស់ចំនួន ១៧៧៧ដែលមានកម្ពស់ចាប់ពី៥ជាន់ឡើងទៅ។ លើសពីនេះ ការស្នើសុំលិខិតអនុញ្ញាតសាងសង់សម្រាប់គម្រោងថ្មីចំនួន ៥៣៦ ត្រូវបានពិនិត្យឡើងវិញ ដែលគ្របដណ្តប់លើផ្ទៃដីសំណង់សរុប ២៦៩ ១៦៦ម៉ែត្រការ៉េ ជាមួយនឹងទុនវិនិយោគប៉ាន់ស្មានប្រហែល ១៣២លានដុល្លារ។
ការរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ខែមីនា បានសម្លាប់មនុស្សជាង ៣០០០នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានបណ្តាលឱ្យអគារមួយក្នុងទីក្រុងបាងកកដួលរលំ ដោយមានពលករកម្ពុជាម្នាក់ស្លាប់នៅទីនោះដែរ។ ទោះយ៉ាងណា ផ្នែកខ្លះនៃប្រទេសកម្ពុជាក៏មានអារម្មណ៍ថាញ័រផងដែរ។ គ្រោះមហន្តរាយនេះបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃអគារខ្ពស់ៗ ដោយមានការអំពាវនាវឱ្យមានការត្រួតពិនិត្យកាន់តែខ្លាំង និងវិធានការសន្តិសុខកាន់តែប្រសើរឡើងនៅក្នុងរាជធានីភ្នំពេញ ដើម្បីជៀសវាងសោកនាដកម្មនាពេលអនាគត។
លោក លី យី អាយុ ២៧ឆ្នាំជាបុគ្គលិកធ្វើការជាន់ទី១៩នៃ Morgan Tower ជាអគារមានកម្ពស់៤៦ជាន់ បានបង្ហាញពីការព្រួយបារម្ភរបស់លោកក្នុងអំឡុងពេលរញ្ជួយដីថ្មីៗនេះដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃ។
លោកនិយាយថា៖«ពេលខ្ញុំកំពុងធ្វើការនៅក្នុងអគារខ្ពស់ ខ្ញុំមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង។ ខ្ញុំបានលឺថាមានអាគារមួយដែលហាក់ដូចជាកំពុងញ័រ ហើយខ្ញុំក៏ចាប់ផ្តើមរត់ចុះក្រោម»។
ស្រដៀងគ្នាដែរ កញ្ញា ហ្គេច ហួយ អាយុ ២៥ឆ្នាំដែលធ្វើការនៅអគារ Diamond Twin Tower មានកម្ពស់ ៣២ជាន់ ខណៈនាងមានការិយាល័យនៅជាន់ទី៩ បានឱ្យដឹងថា កញ្ញាព្រួយបារម្ភខ្លះៗដែរអំឡុងពេលមានព័ត៌មានរញ្ជូយដី។ ប៉ុន្តែនាងមានអារម្មណ៍ធូរស្រាលវិញនៅពេលដឹងថា មិនមានអ្វីកើតឡើងនៅកម្ពុជាទេ។
ទោះជាយ៉ាងណាក៏ដោយ លោក លី យី ជឿជាក់ថា រដ្ឋាភិបាលគួរតែអនុវត្តវិធានការតឹងរ៉ឹងសម្រាប់ការត្រួតពិនិត្យបទប្បញ្ញត្តិសុវត្ថិភាពលើអគារខ្ពស់ៗ ដើម្បីដោះស្រាយសុវត្ថិភាពរបស់បុគ្គលិកដែលធ្វើការនៅទីនោះ។
លោក ថី វីរៈ នាយកផ្នែករចនាស្ថាបត្យកម្មរបស់ក្រុមហ៊ុន Osmosis មានប្រសាសន៍ថា ការរញ្ជួយដីនាពេលថ្មីៗនៅប្រទេសជិតខាង ជាការដាស់តឿនមួយសម្រាប់កម្ពុជា ក្នុងការយកចិត្តទុកដាក់លើការត្រួតពិនិត្យអគារ ដើម្បីធានាសុវត្ថិភាពដោយលើកឡើងថា៖ «សំបកផែនដីនឹងជួបប្រទះការផ្លាស់ប្តូរយ៉ាងសំខាន់ ដោយសារបម្រែបម្រួលអាកាសធាតុពិភពលោក»។
លោក ហេង សោមពិសិដ្ឋ នៃក្រុមហ៊ុន BIM EZ CO.,LTD ដែលមានបទពិសោធន៍ក្នុងវិស័យសំណង់ប្រមាណ១៧ឆ្នាំ មានប្រសាសន៍ថា ដោយសារប្រទេសកម្ពុជានៅជិតតំបន់សកម្មរញ្ជួយដី និងមានបទពិសោធន៍ផ្ទាល់ជាមួយរញ្ជួយដីម្តងក្នុងខេត្តរតនគិរីកាលពីឆ្នាំ២០២៤ យន្តការត្រួតពិនិត្យសកម្មរបស់រដ្ឋាភិបាលគឺមានសារៈសំខាន់ណាស់។
ការត្រួតពិនិត្យនឹង «កាត់បន្ថយហានិភ័យនៃការដួលរលំ» សង្គ្រោះជីវិត និងធ្វើឱ្យកម្ពុជាមានស្តង់ដារមួយដូចប្រទេសជិតខាងក្នុងតំបន់ដូចជាប្រទេសថៃដែលកំពុងអនុវត្តវិធានការបែបនេះរួចហើយ។ លោកជឿថាការការពារទុកមុនបែបនេះ គឺជាជម្រើសវ័យឆ្លាតមួយ សម្រាប់ទាំងសេដ្ឋកិច្ច និងសង្គម ជាងការស្តារឡើងវិញក្រោយគ្រោះមហន្តរាយ (ការពារប្រសើរជាងព្យាបាល)។
អំពាវនាវឱ្យមានបទប្បញ្ញត្តិបច្ចេកទេសដើម្បីធានាបាននូវអគារដែលធន់នឹងការរញ្ជួយដី
ដោយទាញចេញពីបទពិសោធន៍របស់លោកក្នុងវិស័យស្ថាបត្យកម្ម លោក ថី វីរៈ បានកត់សម្គាល់ថាប្រទេសកម្ពុជាខ្វះបទប្បញ្ញត្តិ ឬស្តង់ដារសម្រាប់ការពាររញ្ជួយដី។ លោកជំរុញឱ្យមានបទប្បញ្ញត្តិរឹងមាំដើម្បីការពារហានិភ័យណាមួយ។
លោកនិយាយថា៖«ខ្ញុំគិតថាវាជារឿងសំខាន់ដែលកម្ពុជាមានបទប្បញ្ញត្តិបែបនេះ វាពិតជាសំខាន់ណាស់ ព្រោះនៅពេលអនាគត សំបកផែនដីនឹងប្រែប្រួលច្រើន ដោយសារកត្តាបម្រែបម្រួលអាកាសធាតុទាំងមូល។ កម្ពុជាក៏នឹងរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនេះដែរ។ ទាំងនេះគឺជារឿងដែលក្រសួងត្រូវតែដោះស្រាយ»។
ដោយឡែក លោក សោម ពិសិដ្ឋ បានរៀបរាប់ថា ទោះបីជាកម្ពុជាបច្ចុប្បន្នមានបទប្បញ្ញត្តិសំណង់ដែលមានស្រាប់ក៏ដោយ ប៉ុន្តែស្តង់ដារសំណង់ដែលធានាថារចនាសម្ព័ន្ធអាចទប់ទល់នឹងកម្លាំងរញ្ជួយដីនៅមិនទាន់ជឿនលឿនដូចស្តង់ដារអន្តរជាតិនោះទេ។ លោកបានលើកឡើងពីតម្រូវការបន្ទាន់ដើម្បីធ្វើបច្ចុប្បន្នភាពប្បញ្ញតិទាំងនេះ ដើម្បីធានាបាននូវអគារដែលធន់នឹងការរញ្ជួយដី។
លោកនិយាយថា៖«គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) គូសបញ្ជាក់ពីការត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយ ប៉ុន្តែខ្វះគោលការណ៍ណែនាំអគារដែលធន់នឹងការរញ្ជួយដីដែលអាចអនុវត្តបាន។ ការធ្វើបច្ចុប្បន្នភាពដើម្បីបញ្ចូលគោលការណ៍នៃការរចនារញ្ជួយដីក្នុងសម័យទំនើបគឺត្រូវការជាបន្ទាន់»។
ជាការឆ្លើយតប លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រាប់គិរីផូសថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងផ្តោតលើគុណភាពសំណង់ ដើម្បីធានាសុវត្ថិភាព សុខុមាលភាព និងទ្រព្យសម្បត្តិរបស់ម្ចាស់អគារ និងសាធារណជន ហើយច្បាប់សំណង់ទាមទារឱ្យមានការត្រួតពិនិត្យគុណភាពសំណង់ជាប្រចាំ។
លោកបានមានប្រសាសន៍ថា៖«ក្រសួងកំពុងតាមដានយ៉ាងដិតដល់នូវផែនការ និងយន្តការដោយមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសំណង់ ដោយផ្តោតលើការធានាគុណភាពសំណង់ ជាពិសេសអគារចាស់ និងអគារខ្ពស់»។
ឆ្លើយតបនឹងសំណួររបស់គិរីផូសអំពីបទប្បញ្ញត្តិបច្ចេកទេសសម្រាប់ការការពារគ្រោះរញ្ជួយដី លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាមិនទាមទារបទប្បញ្ញត្តិបច្ចេកទេសជាក់លាក់សម្រាប់អគារខ្ពស់ៗដើម្បីទប់ទល់នឹងការរញ្ជួយដីនោះទេ។
លោកបានពន្យល់ថា៖«កម្ពុជាមិនចាំបាច់កំណត់បទប្បញ្ញត្តិបច្ចេកទេសសម្រាប់អគារខ្ពស់ៗដើម្បីទប់ទល់នឹងការរញ្ជួយដីនោះទេ ព្រោះបទប្បញ្ញត្តិបែបនេះនឹងបណ្តាលឱ្យមានការចំណាយលើការសាងសង់ដ៏ធំសម្បើម បង្កើតបន្ទុកដល់ម្ចាស់អគារ»។
លោកក៏បានលើកឡើងពីករណីសិក្សារបស់អ្នកវិទ្យាសាស្ត្រសកល ជាពិសេសមកពីប្រទេសជប៉ុន និងសហរដ្ឋអាម៉េរិក ដែលបង្ហាញថាប្រទេសកម្ពុជាមិនស្ថិតនៅក្នុងតំបន់ហានិភ័យនៃការរញ្ជួយដី ដូចដែលបានបង្ហាញដោយផែនទីពិភពលោកនៃតំបន់រញ្ជួយដីឡើយ។
យោងតាមការវាយតម្លៃហានិភ័យគ្រោះមហន្តរាយធម្មជាតិ និងការបង្កើតផែនការបន្តអាជីវកម្មក្នុងតំបន់សម្រាប់តំបន់ប្រមូលផ្តុំឧស្សាហកម្មក្នុងតំបន់អាស៊ាន ដែលសិក្សាដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុននៅឆ្នាំ២០១៥ កម្ពុជាជាធម្មតាមិនជួបប្រទះការរញ្ជួយដីញឹកញាប់ ឬខ្លាំងនោះទេ ដោយសារការខូចខាត ដែលរញ្ជួយដីអាចបង្កឡើងគឺកម្រមាននៅកម្ពុជា។
ការអនុវត្តច្បាប់ខ្សោយ និងការត្រួតពិនិត្យតិចតួច
ជាមួយនឹងបទពិសោធន៍ដ៏ក្រាស់ក្រែល ក្នុងការសាងសង់ លោក ហេង សោមពិសិដ្ឋ បានកត់បានកត់សម្គាល់ពីបញ្ហាប្រឈមសំខាន់ៗមួយចំនួនក្នុងការអនុវត្តស្តង់ដារសុវត្ថិភាព រួមទាំងការអនុវត្តច្បាប់ខ្សោយដែលភ្ជាប់ទៅនឹងការត្រួតពិនិត្យយឺតយ៉ាវ ដែលជារឿយៗធ្វើឱ្យរំលោភលើបទប្បញ្ញត្តិ។
លោកបានបន្តថា៖«អ្នកជំនាញផ្នែករញ្ជួយដី និងជំនាញស្តាររញ្ជួយដីឡើងវិញនៅមានកម្រិត សម្រាប់កម្ពុជា»។ លោកបានបន្ថែមថាការចំណាយខ្ពស់នៃសម្ភារនិងការត្រួតពិនិត្យរារាំងការអនុលោមតាមច្បាប់។ សំណង់គ្មានច្បាប់កំណត់ ផ្តល់អាទិភាពលើល្បឿនជាជាងលើសុវត្ថិភាព និងការយល់ដឹងទាបអំពីហានិភ័យរញ្ជួយដីក្នុងចំណោមអ្នកអភិវឌ្ឍន៍ និងអ្នករស់នៅ រារាំងការអនុវត្តបទប្បញ្ញត្តិនៃការសាងសង់សម្រាប់សុវត្ថិភាពនៅកម្ពុជា។
ស្រដៀងគ្នានេះដែរ ក្នុងនាមជាស្ថាបត្យករមួយរូបនៅកម្ពុជា លោក ថី វីរៈ បានគូសបញ្ជាក់ថា នៅក្នុងទិដ្ឋភាពស្ថាបត្យកម្ម ក៏នៅមានការព្រួយបារម្ភថាតើបានអនុវត្តស្តង់ដារត្រឹមត្រូវឬទេ។
លោកបានពន្យល់ថា អតិថិជនជាច្រើនមិនបានយល់ពីសារៈសំខាន់នៃស្ថាបត្យកម្មស្តង់ដារខ្ពស់ឡើយ ដែលនាំឱ្យអថិតិជនមិនសូវផ្តល់តម្លៃលើការរចនាប្លង់ត្រឹមត្រូវ នៅមុនពេលសាងសង់។
លោកបានមានប្រសាសន៍ថា៖«ពួកគេគ្រាន់តែចង់ធ្វើឱ្យអគារមើលទៅល្អ និងចាប់ផ្តើមសាងសង់វាតែម្តង»។ លោកបានកត់សម្គាល់ថា ផ្នត់គំនិតនេះជួនកាលមិនធ្វើតាមការរចនាត្រឹមត្រូវ ដោយមានការយកចិត្តទុកដាក់មិនគ្រប់គ្រាន់ចំពោះទិដ្ឋភាពសំខាន់ៗ រួមមានផែនការជាន់ ប្រព័ន្ធការពារភ្លើង និងព័ត៌មានលម្អិតផ្នែកវិស្វកម្ម។
លោក ថី វីរៈ បញ្ជាក់ថា បញ្ហាទាំងនេះកើតចេញពីការខ្វះការយោគយល់ពីសាធារណជនអំពីស្ថាបត្យកម្មដែលមានស្តង់ដារ ដែលធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពអគារ។
លោក សាយ សំអាល់ ជឿជាក់ថា ម្ចាស់សំណង់ «ផ្តល់អាទិភាពដល់អគារដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព» ដោយលើកឡើងថា «ម្ចាស់សំណង់ស្រឡាញ់ និងចង់ឱ្យសំណង់របស់ពួកគេមានគុណភាពខ្ពស់ និងសុវត្ថិភាពជាងអ្នកដទៃទៅទៀត»។
លោកក៏បានពន្យល់ថា ទន្ទឹមនឹងយន្តការត្រួតពិនិត្យ ដែលធ្វើឡើងដោយមន្ត្រីក្រសួង ច្បាប់ស្តីពីសំណង់បានបង្កើតប្រព័ន្ធត្រួតពិនិត្យ និងបញ្ជាក់ពីសំណង់។ ប្រព័ន្ធនេះត្រូវបានអនុវត្តដោយក្រុមហ៊ុនឯកជនដែលមានអាជ្ញាបណ្ណដែលធ្វើការត្រួតពិនិត្យ និងការវាយតម្លៃដោយផ្អែកលើសំណើរបស់ម្ចាស់អគារ ប្រសិនបើចាំបាច់។
ធានាបាននូវសំណង់គុណភាព សុវត្ថិភាព និងសន្សំសំចៃ
លោក ថី វីរៈ មើលឃើញចំណុចមួយចំនួនដែលធ្វើឱ្យសាធារណជនមិនសូវយល់ដឹងពីតម្លៃវិស្វករ និងស្ថាបត្យករក្នុងការរចនា មុននឹងសាងសង់ ព្រោះគេជឿថាវាចំណាយច្រើន។
លោកបានលើកឡើងនូវចំណុចសំខាន់មួយចំនួនដែលលោកជឿជាក់ថាសាធារណជនអាចសន្សំសំចៃថ្លៃដើម និងធានាបាននូវសុវត្ថិភាពសំណង់ល្អ។ លោកពន្យល់ថា ក្នុងនាមជាស្ថាបត្យករ ការផ្តោតសំខាន់គឺការយល់ដឹងអំពីថវិការបស់អតិថិជន មុនពេលចាប់ផ្តើមការងាររចនាណាមួយ។
«មុនពេលពួកគេចាប់ផ្តើមគូរផែនការ ពួកគេតែងតែពិភាក្សាជាមួយអតិថិជនអំពីចំនួនទឹកប្រាក់ដែលពួកគេត្រូវសាងសង់»។ នៅពេលដែលដឹងច្បាស់ពីកម្រិតថវិកាហើយ ស្ថាបត្យករ និងវិស្វករមានបំណងសន្សំការចំណាយដោយប្រើសម្ភារៈត្រឹមត្រូវ និងអនុវត្តបច្ចេកទេសសំណង់ប្រកបដោយសុវត្ថិភាព ក៏ដូចជាធានាឱ្យអគារនៅតែធន់ និងរឹមមាំ។
លោកបានកត់សម្គាល់ថា៖«នៅពេលដែលស្ថាបត្យកររៀបចំផែនការសម្រាប់អតិថិជន ជាទូទៅពួកគេទទួលបានច្រើនជាងការខាតបង់។ ទោះជាយ៉ាងណាក៏ដោយ នៅកម្ពុជា មនុស្សជាច្រើនបានមើលរំលងព័ត៌មានលម្អិតសំខាន់ៗ ដែលមិនធ្វើតាមដំណាក់កាលឡើយ នាំឱ្យការពួកគេត្រូវមានការចំណាយខ្ពស់ក្នុងរយៈពេលទៅមុខទៀត ដូចជាការជួសជុលជាដើម។
បច្ចេកទេសទំនើបសម្រាប់រញ្ជួយដី និងការយល់ដឹងជាសាធារណៈសម្រាប់អគារដែលមានសុវត្ថិភាពជាងមុន
ដើម្បីដោះស្រាយភាពមិនច្បាស់លាស់នៃការវាយប្រហារដោយគ្រោះមហន្តរាយដោយការរញ្ជួយដី លោក ហេង សោមពិសិដ្ឋ បានផ្តល់អនុសាសន៍ឱ្យកម្ពុជាប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបដោយផ្អែកលើប្រព័ន្ធបំបែកចេញ ដែលមានន័យថា បំបែកអគារចេញពីចលនាដី និងពង្រឹងរចនាសម្ព័ន្ធអគាររឹងមាំ មានទម្ងន់ស្រាល និងធន់នឹងការច្រេះ។ លោកបាននិយាយថា កម្មវិធីគំរូ 3D អាចបង្ហាញពីគំរូផលប៉ះពាល់រញ្ជួយដីកំឡុងពេលរចនាប្លង់ ដើម្បីធានាបាននូវភាពធន់នៃអគារខ្ពស់ៗ។
ខណៈពេលដែលជីវិតមនុស្សគឺជាកង្វល់អាទិភាព លោកបានអំពាវនាវឱ្យមានការអប់រំជាសាធារណៈ និងការទទួលខុសត្រូវរបស់ម្ចាស់អគារ ដោយអនុវត្តយុទ្ធនាការស្តីពីហានិភ័យនៃការរញ្ជួយដី សុវត្ថិភាពអគារ ហាត់សមពេលមានគ្រោះមហន្តរាយទៀងទាត់ និងផ្លូវជម្លៀសចេញក្នុងអគារ ព្រមទាំងការដំឡើងឧបករណ៍ចាប់សញ្ញាដើម្បីរកមើលភាពទន់ខ្សោយនៃរចនាសម្ព័ន្ធ និងការជូនដំណឹងដល់អ្នកកាន់កាប់អគារ។
លោក ថី វីរៈ ក៏បានលើកឡើងពីយន្តការស្រដៀងគ្នានេះ ប៉ុន្តែបានលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយល់ដឹងផងដែរអំពីវិធានការបង្ការមួយចំនួនទប់ទល់នឹងហានិភ័យនៃការរញ្ជួយដី។
លោកបានមានប្រសាសន៍ថា៖«ការយល់ដឹងជាសាធារណៈក៏មានសារៈសំខាន់ផងដែរ អំពីការការពារខ្លួនក្នុងពេលមានហានិភ័យនៃការរញ្ជួយដី ដូចជាការស្វែងរកកន្លែងសុវត្ថិភាព លាក់ខ្លួននៅក្រោមតុរឹងមាំ ឬរត់ទៅកន្លែងមានសុវត្ថិភាព ដូចជាកន្លែងវាលទំនេរជាដើម»៕
ចែករំលែកទៅ:
អ្នកប្រើប្រាស់បានចូលរួម TELEGRAM
ចូលរួមជាមួយ Kiripost Telegram Channel
ដើម្បីទទួលបានព័ត៌មានថ្មីៗរបស់យើង។
ព័ត៌មានធំៗរបស់យើងនឹងផ្ញើរទៅកាន់ប្រអប់សាររបស់អ្នកដោយផ្ទាល់។